រូបព្រះអង្គ

ព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា

🪷 ជីវប្រវត្តិ

ព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា កើតនៅថ្ងៃសុក្រ ទី ២៥ ខែមេសា គ.ស ឆ្នាំ១៩៧៥ ត្រូវនឹងថ្ងៃ ១៥កើត ខែពិសាខ ឆ្នាំថោះ ព.ស. ២៥១៩ នៅភូមិឫស្សីកណ្តាល ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ អតីតស្ថិតនៅក្នុងភូមិឫស្សីកណ្ដាល ឃុំភ្នៀត ស្រុកសេរីសោភ័ណ ខេត្តបាត់ដំបង។ ឪពុកឈ្មោះ នេត្រ សាវ៉ុន កើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៤៩ មុខរបរកសិករ (ស្លាប់នៅសម័យប៉ុលពត ឆ្នាំ១៩៧៨) ។ ម្ដាយឈ្មោះ ហុក កី កើតនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ១៩៥៦ មុខរបរកសិករ (មរណៈភាពនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១) មានបងប្អូនបង្កើតចំនួន ៤នាក់ ស្រី១ ប្រុស៣ ជាកូនច្បងក្នុងគ្រួសារ។

📖 ការសិក្សា និងការសាងផ្នួស

កាលនៅជាកុមារភាព បានសិក្សាត្រឹមតែថ្នាក់ទី៦ប៉ុណ្ណោះ ដោយសារស្ថានភាពគ្រួសារខ្វះលទ្ធភាពក៏បានឈប់រៀនទៅ។ បន្ទាប់មកក៏យកពេលវេលាទាំងនោះមកជួយធ្វើការឪពុកម្ដាយ ដូចជា ធ្វើស្រែចំការ និងរកស៊ីជំនួញជួញដូរខ្លះៗ ដើម្បីកាត់បន្ថយភាពខ្វះខាត ភាពលំបាកលំបិនមួយចំណែកជួយដល់ក្រុមគ្រួសារដែលកំពុងត្រូវការ។ រហូតដល់អាយុ១៩ឆ្នាំ ទើបបានចេញមកសាងព្រះភ្នួស បួសជាសាមណេរនៅក្នុងឆ្នាំ១៩៩៤ ក្រោមម្លប់ព្រះបារមីដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត នៅវត្តបទុមវតី។ កាលពីដើមមានបំណងចូលបួសត្រឹមតែ៥ ឬ៦ខែប៉ុណ្ណោះ ដើម្បីឲ្យបានស្គាល់ពីជីវិតរបស់អ្នកបួសក្នុងព្រះពុទ្ធសាសនា ប៉ុន្តែលុះបានបួសហើយ បាននិមន្តទៅគង់ស្នាក់នៅក្រុងប៉ោយប៉ែត ជាកន្លែងមួយធ្លាប់បានរស់នៅប្រកបមុខរបររកស៊ី ជាទីកន្លែងដែលបានធំពេញវ័យ ជាទីកន្លែងមួយដែលមានការពេញចិត្តបំផុត ព្រោះតែតំបន់នោះ ជាតំបន់ជាយដែនខ្មែរ-ថៃ កាលនោះជាតំបន់សេដ្ឋកិច្ចធំ សម្បូរការងារជាងតំបន់នានា នៃ ព្រះរាជាណាចក្រកម្ពុជា ។ កាលនិមន្តទៅកាន់តំបន់ប៉ោយប៉ែតដំបូង គឺបានទៅសុំគង់ស្នាក់អាស្រ័យនៅវត្តស្រះត្រាចបានប្រមាណជាង២ខែ។ ពេលនោះតែងតែនិមន្តត្រាច់ចរបិណ្ឌបាត្ររហូតមិនដែលខកខាន១ថ្ងៃណាឡើយ។ ដោយអានិសង្សនៃការបិណ្ឌបាត្រនេះហើយ បានជួយជំរុញអោយបានជួប បានស្គាល់ញាតិញោម អ្នកមានសទ្ធាជ្រះថ្លាជាច្រើន ហើយពួកគាត់ទាំងនោះបានជួយឧបត្ថម្ភនូវអ្វីៗសព្វយ៉ាង ពិសេសឧបត្ថម្ភនូវបច្ច័យទាំង៤មិនឱ្យមានការខ្វះខាតអ្វីឡើយ។ ដោយមានការពេញចិត្តពីញាតិញោមក្នុងព្រះពុទ្ធសាសនា ក៏បានសម្រេចចិត្តបួសបន្តចំនួន៥ខែទៀត។ បន្ទាប់មកក៏បានត្រឡប់មកកាន់ទីក្រុងភ្នំពេញសាជាថ្មី មកស្នាក់នៅកុដិលេខ១៩វត្តបទុមវតី តាមរយៈលោកគ្រូ យ៉ុង ផេង បានប្រមាណ១៥ថ្ងៃគត់ ក៏បានសុំរាជានុញ្ញាតពីសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ទៅស្នាក់នៅវត្តនិរោធន៍រង្សីដើម្បីសិក្សាភាសាបាលីឆ្នាំទី១ ក្នុងឆ្នាំ១៩៩៤។ ដល់ពេលវិស្សមកាល ក៏បាននិមន្តទៅកាន់ក្រុងប៉ោយប៉ែតជាលើកទី២ ដើម្បីស្វែងរកនូវថវិកាខ្លះយកមកផ្គត់ផ្គង់ការរៀនសូត្រ តាមរយៈការត្រាច់ចរបិណ្ឌបាត្រ។ ជាភ័ព្វសំណាង ដោយការនិមន្តបិណ្ឌបាត្រជារៀងរាល់ថ្ងៃ ក៏បានស្គាល់ពុទ្ធបរិស័ទស្រលាញ់រាប់អានកាន់ច្រើន ហើយពួកគាត់ទាំងនោះបានសំណូមពរឱ្យគង់នៅទីក្រុងប៉ោយប៉ែតនេះ ហើយកុំទៅណាទៀត។ ដោយទឹកចិត្តតបស្នងសងគុណ និងឱកាសល្អក៏បានរួមសហការជាមួយនឹងញាតិញោមទាំងនោះជាវដីមួយកន្លែង តម្លៃបួនពាន់បាត ដើម្បីកសាងវត្តទុកក្នុងព្រះពុទ្ធសាសនា ហើយបានប្រសិទ្ធិនាមវត្តនោះឱ្យមានឈ្មោះថា វត្តសូរិយារង្សី ឬ ហៅថាវត្តសូរិយារាម ក្នុង១៩៩៥។ ពេលនោះបានដឹកនាំព្រះសង្ឃ និង ពុទ្ធបរិស័ទក្នុងតួនាទីជាព្រះចៅអធិការវត្តដើម្បី កសាងបានប្រមាណ៤ខែគត់ បានសមិទ្ធិផលជាច្រើនគួរឱ្យកត់សម្គាល់ ធ្វើឱ្យញាតិញោមកាន់តែមានការជឿជាក់ កាន់តែមានភក្តីភាពដ៏ស្អិតរមួតឥតងាករេ។ ពេលនោះក៏បានសម្រេចចិត្តសាជាថ្មីថានឹងបួសបន្ត១ឆ្នាំ ឬ២ឆ្នាំតទៅទៀត ដើម្បីបំពេញតាមទឹកសទ្ធារបស់ពុទ្ធបរិស័ទ។ ក្រោយមកតែងតែគិតថាការកសាងវត្តនីមួយៗត្រូវប្រើពេលវេលាយ៉ាងយូរអង្វែង បើអត់មានចំណេះចេះដឹងខ្ពង់ខ្ពស់ទេពុំអាចជួយអ្វីដល់ពុទ្ធសាសនា ឱ្យបានធំទូលំទូលាយបានឡើយ។ ហេតុនេះ ទើបសម្រេចចិត្តសាជាថ្មី ហើយធ្វើការប្រគល់នាទីព្រះចៅអធិការជូនគ្រូសូធ្យស្ដាំ និងគណៈកម្មការ ដើម្បីដឹកនាំកសាងបន្ត។ មិនយូរប៉ុន្មាន ក៏បានវិលត្រឡប់មកកាន់វត្តនិរោធន៍រង្សីវិញ ដើម្បីសិក្សាភាសាបាលីឆ្នាំទី២បន្តទៅទៀត។ ដោយការចង់ចេះចង់ដឹង ឱ្យស៊ីជម្រៅក្នុងព្រះពុទ្ធសាសនា ពិសេស គឺភាសាបាលី ក៏សម្រេចចិត្តសាជាថ្មីថា នឹងបន្តនៅក្នុងភេទជាបព្វជ្ជានេះឱ្យបានយូរឆ្នាំបន្តិច។ ពេលជាបន្តបន្ទាប់ ក៏លែងរវល់ពីរឿងការសឹក ហើយបានចាប់ផ្តើមផ្តោតអារម្មណ៍ ឬដាក់ចិត្តលើការរៀនសូត្រជាសំខាន់ ហើយបានប្រឡងជាប់សាលាបាលីរងក្នុងឆ្នាំ១៩៩៦ និងបានឧបសម្បទាជាភិក្ខុនៅក្នុងព័ទ្ធសីមាវត្តបទុមវតី ដែលមានសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាព្រះឧបជ្ឈាយ៍។ នៅចុងឆ្នាំ១៩៩៦ បានចាកចេញពីវត្តនិរោធន៍រង្សី ឡើងមកកាន់ក្រុងភ្នំពេញ ហើយបាននិមន្តសុំកន្លែងដើម្បីស្នាក់នៅជាច្រើនវត្ត គ្មានវត្តណាទំនេរផ្ដល់កន្លែងដ៏តូចមួយ បានស្នាក់នៅទាល់តែសោះ ចុងក្រោយក៏បានសម្រេចចិត្តចូលទៅសុំស្នាក់នៅវត្តស្វាយពពែ បានការអនុគ្រោះសណ្ដោសប្រោសប្រណីពី ព្រះមហាវរៈវង្សាចារ្យ វង់ វុន ព្រះចៅអធិការវត្តស្វាយពពែ ឱ្យគង់ស្នាក់នៅបណ្ដោះអាសន្ន ប៉ុន្តែដោយមានការអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ប៊ួ គ្រី គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ ការស្នាក់នៅវត្តស្វាយពពែ បានជាងមួយឆ្នាំក្នុងឆ្នាំ១៩៩៧ បានប្រឡងជាប់សាលាបាលីពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត ហើយបានបន្តការសិក្សាភាសាបាលីរហូតដល់ថ្ងៃទី១៥ ខែ១០ ឆ្នាំ១៩៩៨ ទើបចាកចេញពីវត្តស្វាយពពែប្រទេសកម្ពុជា ទៅបន្តការសិក្សានៅសាកលវិទ្យាល័យនាលន្ទា ប្រទេសឥណ្ឌា។ ហើយបានស្នាក់នៅក្នុងសាកលវិទ្យាល័យនេះ អស់រយៈពេល៥ឆ្នាំបានបញ្ចប់ថ្នាក់ បាលីអាចារ្យ (PALI ACHARIYA) ស្មើនឹងបរិញ្ញបត្រ បន្ទាប់មកក៏បានចាកចេញពីសាលានោះនៅឆ្នាំ២០០៣ បានបន្តទៅសិក្សានៅ សាកលវិទ្យាល័យមគធៈ ពុទ្ធគយា (Magath University Bodhgaya) បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈនៅក្នុងទសវត្សរ៍ឆ្នាំ២០០៧ នេះជាប្រវត្តិនៃការសិក្សាដោយសង្ខេបមានប្រមាណប៉ុណ្ណេះ។

🪷ការដឹកនាំគណៈធម្មយាត្រា

នៅក្នុងទសវត្សរ៍ចុងឆ្នាំ២០០៣ បានទទួលរៀបចំដឹកនាំគណៈធម្មយាត្រាមួយក្រុម ជាលើកដំបូងបង្អស់ ចំនួន៦៥នាក់ មកពីទីក្រុង ឡងប៊ិច រដ្ឋកាលីហ្វ៉ូញ៉ា សហរដ្ឋអាមេរិក ដែលដឹកនាំដោយ មហាឧបាសិកា អ៊ុក ធូរេត មហាឧបាសិកា ភួង សៀងហៃ ឧបាសិកា កុល សុមាលី ឧបាសិកា អ៊ុក ស៊ីចាន់ ជាដើម។ តាមរយៈការដឹកនាំគណៈធម្មយាត្រាជាលើកដំបូងនេះ ហាក់ដូចជាវាសនា ជួយរុញច្រានឱ្យបានជួបនូវពុទ្ធ-បរិស័ទសំខាន់ៗ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា មានការលះបង់ខ្ពស់ ពិសេសមានការស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងចំពោះដែនដីព្រះពុទ្ធជាម្ចាស់នេះ។ ពេលពួកគាត់ត្រឡប់ទៅវិញ ពួកគាត់បានធ្វើការផ្សព្វផ្សាយដល់ខេមរៈជន យើងគ្រប់ទិសទីឱ្យយល់ជ្រាបពីរឿងនេះ។ ក្រោយមក ពីមួយឆ្នាំទៅមួយឆ្នាំ ពុទ្ធបរិស័ទយើងក្នុងស្រុកក្រៅស្រុកមានការកើនឡើងជាលំដាប់ បាននាំគ្នាមកថ្វាយបង្គំទីពុទ្ធស្ថានយ៉ាងច្រើនកុះករ គួរឲ្យកត់សម្គាល់ក្នុងប្រវត្តិសាស្រ្ត។ បើគិតទៅចាប់ពីឆ្នាំ២០០៣ រហូតមកទល់ឆ្នាំ២០១៧ ពុទ្ធបរិស័ទដែលបានមកថ្វាយបង្គំនូវទីពុទ្ធស្ថាន ប្រហែលជាមានចំនួនដល់ទៅរាប់ម៉ឺននាក់។

មូលហេតុនាំឲ្យកសាងវត្តទាំងដប់

ពាក់ព័ន្ធនិងការកសាងវត្តខ្មែរទាំងដប់ នៅដែនដីពុទ្ធភូមិប្រទេសឥណ្ឌា និង ប្រទេសនេប៉ាល់ ជារៀងរាល់ពេល ពិសេសក្នុងពេលដឹកនាំគណៈធម្មយាត្រាទៅថ្វាយបង្គំតាមទីពុទ្ធស្ថានម្ដងៗ តែងតែជួបប្រទះនូវការលំបាកផ្សេងៗជាច្រើន ដូចជាការរៀបចំរថយន្តធ្វើដំណើរ រៀបចំទិដ្ឋាការ សំបុត្រយន្តហោះ ការរៀបចំបាយទឹក ទីដេក ទីសម្នាក់អាស្រ័យ សុវត្ថិភាព របៀបរបបផ្សេងៗជាដើម។ ប៉ុន្តែនូវរាល់ការលំបាកទាំងនោះអាចដោះស្រាយបានយ៉ាងស្រួល វៀរលែងតែកន្លែងសម្រាក សម្រាប់សឹង សម្រាប់ស្នាក់នៅ ឬទីដេកពួននៅតាមទីពុទ្ធស្ថាននីមួយៗពិបាកមហាសែនពិបាក។ ព្រោះពេលរដូវកាលនោះ មានពុទ្ធសាសនិកជនក្នុងលោកបានធ្វើដំណើរមកក្រាបថ្វាយបង្គំទីស្ថាននានាយ៉ាងច្រើនហួសប្រមាណ ចំណែកពួកយើងក៏មកដែរ ហេតុនេះ វត្តក្ដី សណ្ឋាគារក្តី ពេញស្ទើរតែទាំងអស់។ កាលដំបូង ឬ កាលពីដើមគណៈធម្ម-យាត្រាខ្មែរយើងធ្លាប់បានសុំជ្រោកកោនតាមវត្តថៃភូមា វៀតណាម ស្រីលង្កា ឥណ្ឌា នេប៉ាល់ និងកូរ៉េ ជាដើម ស្ទើរតែគ្រប់វត្តរបស់ជនបរទេស។ អ្វីដែលលំបាកនោះគឺ យើងបានផ្ដល់ដំណឹង ឬ ដាក់ពាក្យស្នើសុំកន្លែងសម្រាកតាមវត្តនីមួយៗ តាំងពីរបីខែមុន។ ស្រាប់តែពេលទៅដល់ជួនពេលនោះ ក្រុមរបស់ពួកគេក៏មកដែរ ហេតុនេះ! ពួកគេត្រូវផ្អាក ឬ លុបចោលនូវអ្វីដែលយើងបានស្នើសុំទុកជាយូរយាណាស់មកហើយ។ ហើយពេលភ្លាមៗនោះ តើធ្វើដូចម្តេច? ឱ្យពួកយើងទៅសម្រាកនៅឯណា? ជម្រើសដ៏ល្អ មានតែការសុំទីធ្លាវត្តជាប់នឹងរបង ឬ កណ្ដាលវាលស្រែទីណាដែលមានអណ្ដូងទឹក និងបង្គន់ ដើម្បីបោះតង់ឈប់សម្រាកសិន ព្រោះយើងធ្វើដំណើរវែងឆ្ងាយពេញមួយថ្ងៃមកហើយ បើមិនឈប់សម្រាកមិនបានទេ អាចបណ្ដាលឱ្យមានអាពាធ ឬជំងឺតម្កាត់ផ្សេងៗ។ ហេតុការណ៍បែបនេះ បានជួបប្រទះជាច្រើនលើកជាច្រើនគ្រា ធ្វើឱ្យលំបាកដល់ញាតិញោមជាច្រើនប្រការ មិនអាចនឹងរៀបរាប់អស់។ ទឹកដីនេះ ជាទឹកដីព្រះពុទ្ធជាម្ចាស់ បើយើងមិនជឿ គេជឿ បើយើងមិនមកធ្វើសក្ការៈបូជា មានគេមកធ្វើសក្ការៈបូជា មនុស្សម្នាណែនតាន់តាប់រាល់ខែ រាល់ឆ្នាំ។ ដោយការបានជួបប្រទះនូវភាពទាល់ច្រក សភាពលំបាកលំបិនគ្រប់បែបយ៉ាង និងយល់ឃើញថា តទៅខាងមុខ ពុទ្ធបិរស័ទខ្មែរយើងកាន់តែមកថ្វាយបង្គំច្រើនឡើងៗ។ ដើម្បីទប់ស្កាត់នូវរាល់ភាពអាម៉ាស់ទាំងនេះ ទើបទឹកព្រះទ័យ និង ទឹកចិត្តរបស់ខេមរៈជនយើងទាំងបព្វជិត ទាំងគ្រហស្ថ ក្នុង និង ក្រៅប្រទេស មានការឈឺចាប់ ហើយចាប់ផ្ដើមមានឆន្ទៈបំណងយ៉ាងមុតមាំគ្រប់គ្នា។ ហើយបានសំណូមពរ សុំឱ្យខ្ញុំព្រះករុណា អាត្មាភាព រកជាវដីកសាងវត្តឱ្យបានគ្រប់កន្លែងពុទ្ធស្ថានទាំងឡាយ ដែលត្រូវឆ្លងកាត់ដើម្បីបានថ្វាយបង្គំនូវពុទ្ធស្ថានទាំងនោះ។ បើមិនដូច្នេះទេ ពេលក្រោយ ពួកយើងនឹងជួបបញ្ហាជាច្រើនដូចជារយៈកាលកន្លងមក។ មួយវិញទៀត! នៅក្នុងឆ្នាំ២០០១ និងឆ្នាំ២០០២ មានពុទ្ធបរិស័ទខេមរៈជនមួយក្រុមទាំងបព្វជិត គ្រហស្ថបានផ្ដួចផ្ដើមគំនិតមានឆន្ទៈជាឯកច្ឆន្ត បាននាំគ្នាប្រមូលផ្ដុំនូវសមាជិកជាច្រើនបង្កើតពុទ្ធិកសមាគមមួយក្នុងគោលបំណងប្រមូលមូលនិធិ ឬ ថវិកាផ្ទាល់ខ្លួន ដើម្បីយកទៅជួយទ្រទ្រង់ឧបត្ថម្ភក្នុងការជាវដីកសាងវត្តខ្មែរនៅដែនដីពុទ្ធភូមិ។ ដោយសារខេមរៈជនយើងមានការសហការគ្នាទាំងក្នុងស្រុកនិងក្រៅស្រុក បង្កបានជាកម្លាំងដ៏ធំ ហើយបានប្តេជ្ញាយ៉ាងប្ដូរផ្តាច់ថា ត្រូវតែព្យាយាមជាវដីកសាងនៅស្រុកព្រះឱ្យទាល់តែបាន បើមិនបានយើងទាំងអស់គ្នាមិនសមជាពុទ្ធបរិស័ទឡើយ។ ដោយស្មារតីប្ដេជ្ញា កម្លាំងខ្លាំងក្លា ឆន្ទៈមោះមុត មានវិរៈភាពខ្ពស់ ប្រកបដោយគុណប្រយោជន៍ បានជួយជំរុញរឿងនេះឱ្យបោះជំហ៊ានយ៉ាងលឿន តាំងពីបាតដៃទទេ ឬ អត់មានអ្វីសោះ រហូតទទួលបានជោគជ័យជាស្ថាពរ សម្រេចបាននូវសមិទ្ធិផលជាច្រើន បានទុកមរតកសំខាន់នេះក្នុងពុទ្ធសាសនា និង ចារក្នុងប្រវត្តិសាស្រ្ត។ ចាប់តាំងពីវត្តទីមួយដល់វត្តទីប្រាំបួន គ្រប់ពុទ្ធស្ថានសំខាន់ៗ ដែលពុទ្ធបរិស័ទត្រូវធ្វើដំណើរទៅគោរពបូជា ចំពោះព្រះបរមសម្ពុទ្ធជាអង្គម្ចាស់នៃយើង។ សូមបញ្ជាក់ៈ ពុទ្ធិកសមាគមនោះ មានទីស្នាក់ការនៅទីក្រុង ឡងប៊ិច រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក ដឹកនាំដោយព្រះតេជគុណ គង់ សុផាន ព្រះតេជគុណ ព្រហ្ម ឃៀន ព្រះតេជគុណ និល ហុក ព្រះតេជគុណ គង់ ឈាន ព្រះតេជគុណ តាន់ ភោគ លោកគ្រូ ស៊ី វត្ថា មហាឧបាសិកា អ៊ុក ធូរេត មហាឧបាសិកា ភួង សៀងហៃ មហាឧបាសិកា ស៊ន ឡេង មហាឧបាសក ងួន ឈាង មហាឧបាសិកា អេង អុន និង ខេមរៈជនយើងជាច្រើនរូបទៀត។ ប្រសិនបើគ្មានបុព្វបុរស បុព្វនារី ដូចបានរាយព្រះនាម និងនាមខាងលើមកជួយឈរជាជំហរដ៏រឹងមាំ ឥតងាករេ តស៊ូយ៉ាងស្វិតស្វាញ ជួយផ្ដល់កម្លាំងកាយ កម្លាំងចិត្តគ្រប់ពេលវេលា ពិសេសជួយផ្ដល់ជាថវិកាយ៉ាងច្រើន សន្ធឹកសន្ធាប់ជាបន្តបន្ទាប់បែបនេះទេ ការកសាងនៅដែនដីពុទ្ធភូមិនេះ ប្រហែលជាមិនបាននូវអ្វីៗ ដែលពុទ្ធបរិស័ទយើងបានឃើញនូវសមិទ្ធិផលដ៏មហាអស្ចារ្យដូចសព្វថ្ងៃនេះឡើយ។ ខ្ញុំព្រះករុណា អាត្មាភាព និងខេមរៈជនទាំងអស់ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រៅចំពោះ វរៈជនដ៏ឆ្នើមទាំងនោះ ដែលបានលះបង់នូវអ្វីៗសព្វយ៉ាង កសាងប្រយោជន៍ដ៏ធំជូនជាតិ និងសាសនារបស់យើង។